Matthew 24

ព្រះយេស៊ូប្រាប់មុនអំពីការបំផ្លាញព្រះវិហារ

1កាល​ព្រះ​យេស៊ូ​កំពុង​យាងចេញពី​ព្រះ​វិហារទៅ​ពួក​សិស្ស​របស់​ព្រះអង្គក៏ចូលមកជិត​ព្រះអង្គ​ហើយ​បង្ហាញព្រះអង្គ​ពី​អគារ​ព្រះ​វិហារ 2ព្រះអង្គមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​មិនឃើញ​របស់​ទាំងអស់នោះទេ? ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាថ្ម​ដែល​ត្រួត​លើគ្នានៅទីនេះ​នឹង​ត្រូវ​រើចោលគ្មានសល់ឡើយ»។

ព្រះយេស៊ូបង្រៀនពីទីសំគាល់ថ្ងៃចុងក្រោយ

3កាល​ព្រះអង្គអង្គុយ​នៅ​លើភ្នំដើមអូលីវ​នោះ​ពួក​សិស្ស​បាន​ចូលមកជិតព្រះអង្គដាច់ឡែកពីគេទូលសួរថា៖ ​«សូម​ប្រាប់យើងផង​តើ​ការ​ទាំងនេះ​នឹង​កើតឡើងនៅពេលណា? ​តើ​ទីសំគាល់​នៃ​ការមកដល់​របស់​លោកនិងគ្រាចុងបញ្ចប់​មាន​អ្វី​ខ្លះ?» 4ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«ចូរ​ប្រយ័ត្នកុំ​ឲ្យ​អ្នកណាបោកបញ្ឆោតអ្នករាល់គ្នាបានឡើយ 5ដ្បិតមនុស្ស​ជាច្រើន​នឹង​មកក្នុងឈ្មោះខ្ញុំ​ហើយ​ថាខ្ញុំនេះហើយជា​ព្រះ​គ្រិស្ដ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន 6អ្នករាល់គ្នានឹង​ពី​សង្គ្រាមនិងដំណឹង​អំពី​សង្គ្រាម​ប៉ុន្ដែ​ចូរ​ប្រយ័ត្នកុំជ្រួលច្របល់អីព្រោះ​ការ​ទាំងអស់​នេះ​ត្រូវតែកើតឡើងប៉ុន្ដែមិន​ទាន់​ដល់​ទីបញ្ចប់ទេ 7ដ្បិតជនជាតិមួយ​នឹង​ក្រោកឡើងទាស់នឹងជនជាតិមួយប្រទេសមួយទាស់នឹងប្រទេសមួយព្រមទាំងមានគ្រោះអត់ឃ្លាននិងការរញ្ជួយដីច្រើនកន្លែង 8ទាំងអស់នេះ​ជា​ការចាប់ផ្ដើម​នៃ​ទុក្ខវេទនា​ដ៏សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាលកូន 9បន្ទាប់មកពួកគេ​នឹង​ប្រគល់អ្នករាល់គ្នាទៅឲ្យ​មាន​សេចក្ដីវេទនារួច​ពួកគេ​នឹង​សម្លាប់អ្នករាល់គ្នាហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ 10នៅពេលនោះមនុស្ស​ជាច្រើន​នឹង​ជំពប់ដួល​ពួកគេ​ក្បត់​គ្នា​ទៅវិញទៅមកហើយស្អប់​គ្នា​ទៅវិញទៅមក 11អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើន​នឹង​ក្រោកឡើងហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន 12ព្រោះតែសេចក្ដីទុច្ចរិតកើនឡើងនោះសេចក្ដីស្រលាញ់​របស់​មនុស្ស​ជាច្រើន​នឹង​រសាយទៅ 13តែអ្នក​ដែល​ស៊ូទ្រាំដល់ទីបំផុតអ្នកនោះ​នឹង​ទទួល​បាន​សេចក្ដីសង្គ្រោះ 14ដំណឹងល្អអំពី​នគរ​ព្រះជាម្ចាស់​នេះ​នឹង​ត្រូវ​ប្រកាសទូទាំងពិភពលោកទុកជាទីបន្ទាល់មួយ​ដល់​ជនជាតិទាំងអស់បន្ទាប់មក​ទៀត​ទីបញ្ចប់ក៏មកដល់ 15ដូច្នេះនៅពេលអ្នករាល់គ្នាឃើញ​អំពើ​បំផ្លិចបំផ្លាញដ៏លាមកកើតឡើងនៅទីបរិសុទ្ធ​ដូច​ដែល​បាន​ថ្លែងទុកតាមរយៈ​លោក​ដានីយ៉ែល​ជា​អ្នកនាំព្រះបន្ទូល។ ​នោះ​ចូរ​ឲ្យ​អ្នកអានយល់ចុះ 16នៅពេលនោះចូរ​ឲ្យ​ពួក​អ្នកនៅ​ស្រុក​យូដាភៀសខ្លួនទៅភ្នំចុះ 17ហើយកុំ​ឲ្យ​អ្នក​នៅ​លើដំបូលផ្ទះចុះមកក្រោមយករបស់របរពីក្នុងផ្ទះ​របស់​គាត់ឲ្យសោះ 18កុំឲ្យ​អ្នកនៅស្រែចម្ការបកក្រោយទៅយកអាវ​គាត់​ឲ្យសោះ 19នៅគ្រានោះ​ពួក​ស្ដ្រីមានផ្ទៃពោះនិង​ពួក​ស្ដ្រី​កំពុង​បំបៅកូន​នឹង​វេទនាណាស់ 20ដូច្នេះចូរ​អធិស្ឋានដើម្បីកុំ​ឲ្យ​ការរត់គេច​របស់​អ្នករាល់គ្នាកើតឡើង​នៅ​រដូវរងាថ្ងៃសប្ប័ទឡើយ 21ពីព្រោះនៅពេលនោះ​នឹង​មានទុក្ខវេទនាដ៏សម្បើម​គឺ​មិនដែលមាន​ទុក្ខវេទនា​បែបនេះឡើយចាប់តាំងពីដើមកំណើតពិភពលោករហូតមកដល់ពេលនេះហើយក៏​នឹង​មិនកើតឡើងទៀតដែរ 22ហើយដរាបណា​ព្រះអម្ចាស់​មិនបង្រួញថ្ងៃទាំងនោះទេ​នោះ​គ្មានមនុស្សណាម្នាក់​បាន​ទទួល​សេចក្ដីសង្គ្រោះឡើយប៉ុន្ដែ​ព្រះអង្គ​បង្រួញថ្ងៃទាំងនោះសម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស 23នៅពេលនោះប្រសិនបើ​មាន​នរណាម្នាក់ប្រាប់អ្នករាល់គ្នាថាមើល៍នែ​ព្រះ​គ្រិស្ដនៅទីនេះនៅទីនោះ​ចូរ​កុំជឿឲ្យសោះ 24ព្រោះពួក​មនុស្ស​ដែល​ក្លែងជា​ព្រះគ្រិស្ដនិង​ពួក​អ្នកនាំព្រះបន្ទូល​ក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើងហើយ​គេ​នឹង​សំដែងទីសំគាល់ដ៏អស្ចារ្យនិងការអស្ចារ្យ​ដើម្បី​បោកបញ្ឆោតសូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើសប្រសិនបើអាច​ធ្វើ​បាន​នោះ។ 25មើល៍ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នា​ជាមុន​រួចហើយ 26ដូច្នេះបើ​គេ​ប្រាប់អ្នករាល់គ្នាថា​ព្រះអង្គ​នៅទីរហោឋាន​នោះ​កុំចេញទៅឲ្យសោះ​ឬ​ថា​មើល៍​ព្រះអង្គ​នៅក្នុងបន្ទប់​នោះ​កុំជឿឲ្យសោះ 27ដ្បិតកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។ មាន​នៅ​ក្នុង ២៤:៣០,​៣៧,​៣៩,​៤៤​ ដែរ​​។​​
នឹងមកដូចជាផ្លេកបន្ទោរជះពន្លឺពី​ទិស​ខាងកើតដល់​ទិស​ខាងលិច
28ទីណាមានសាកសព​សត្វ​ត្មាតប្រមូល​ផ្ដុំ​គ្នានៅទីនោះ

ការយាងមកលើកទីពីររបស់ព្រះយេស៊ូគ្រិស្ដ

29ប៉ុន្ដែនៅក្រោយគ្រាទុក្ខវេទនាទាំងនោះភ្លាមថ្ងៃ​នឹង​អាប់រស្មីហើយលោកខែ​នឹង​មិនបញ្ចេញពន្លឺទៀតទេផ្កាយទាំងឡាយ​នឹង​ធ្លាក់ចុះពីលើមេឃហើយអំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះរង្គើ 30នៅពេលនោះទីសំគាល់​របស់​កូនមនុស្ស​នឹង​លេចមកនៅលើមេឃកុលសម្ព័ន្ធទាំងអស់​នៅលើ​ផែនដី​នឹង​កាន់ទុក្ខហើយ​ពួកគេ​នឹង​ឃើញកូនមនុស្សមក​នៅ​លើពពក​នា​អាកាស​ប្រកប​ដោយអំណាចនិង​សិរី​រុងរឿង​ដ៏​អស្ចារ្យ 31លោកនឹង​ចាត់​ពួក​ទេវតា​របស់​លោកដោយ​សំឡេង​ត្រែលាន់រំពងហើយ​ពួកទេវតា​នឹង​ប្រមូល​អស់​អ្នកដែលលោក​បាន​ជ្រើសរើស​ទាំង​បួនទិស​គឺ​ពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាងទៀត 32ចូររៀនពីរឿងប្រៀបប្រដូច​អំពី​ដើមល្វាចុះកាលណាមែកវាទន់ហើយស្លឹក​វា​លាស់ឡើង​នោះ​អ្នករាល់គ្នា​ដឹងថា​រដូវ​ក្ដៅជិតមកដល់ហើយ 33ដូច្នេះកាលណា​អ្នករាល់គ្នា​ឃើញ​ហេតុការណ៍​ទាំងអស់នេះ​កើត​ឡើង​នោះ​អ្នករាល់គ្នា​ដឹងថា​ពេល​វេលា​កាន់តែ​កៀកបំផុត​ហើយ។ 34ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​មនុស្ស​ជំនាន់នេះ​នឹង​មិនស្លាប់អស់ឡើយលុះត្រាតែ​ហេតុការណ៍​ទាំងអស់នេះកើតឡើង​សិន។ 35ផ្ទៃមេឃនិងផែនដី​នឹង​រលាយ​បាត់​ទៅប៉ុន្ដែពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់សោះឡើយ

គ្មានអ្នកណាដឹងពីពេលវេលាដែលព្រះយេស៊ូត្រលប់មកវិញ

36ពេលវេលានិងថ្ងៃកំណត់ក្រៅពី​ព្រះ​វរ​បិតា​តែ​មួយ​អង្គ​គត់គ្មាន​អ្នកណា​ម្នាក់​ដឹងឡើយសូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ព្រះ​រាជ​បុត្រា 37ដ្បិតនៅសម័យ​លោក​ណូអេ​មាន​កើតឡើង​ជា​យ៉ាងណាកូនមនុស្ស​នឹង​មកជាយ៉ាងនោះដែរ 38សម័យនោះមុន​មាន​ទឹកជំនន់​ពួកគេ​ស៊ីផឹក​និង​រៀបការ​ជាប្ដីប្រពន្ធ​រហូតដល់ថ្ងៃ​លោក​ណូអេចូលក្នុងទូកធំ 39គឺពួកគេមិន​បាន​ដឹងទាល់តែសោះរហូតដល់ទឹកជំនន់មកដល់ក៏ហូរនាំ​អ្វីៗ​ទាំងអស់ទៅ​ឯ​ការមកដល់​របស់​កូនមនុស្សក៏​នឹង​កើតឡើង​ជា​យ៉ាងនោះដែរ 40នៅពេលនោះបុរស​ពីរនាក់នៅស្រែចម្ការម្នាក់​នឹង​ត្រូវ​ដកយកទៅហើយម្នាក់​ទៀត​នឹង​ត្រូវ​ទុកនៅ​ទីនោះ 41ឯស្ដ្រី​ពីរនាក់​កំពុង​កិនស្រូវម្នាក់​នឹង​ត្រូវ​ដកយកទៅហើយម្នាក់​ទៀត​នឹង​ត្រូវ​ទុកនៅ​ទីនោះ។ 42ដូច្នេះចូរ​ប្រុងស្មារតីព្រោះ​អ្នករាល់គ្នា​មិន​ដឹង​ថាព្រះអម្ចាស់​របស់​អ្នករាល់គ្នា​នឹង​មក​នៅ​ថ្ងៃណាទេ 43ចូរអ្នករាល់គ្នា​ដឹង​ការ​នេះចុះថាបើម្ចាស់ផ្ទះដឹង​ថា​ចោរ​នឹង​មក​នៅ​ពេលណាមួយ​នោះ​គាត់​មុខជាមិនដេកទេហើយមិនបណ្ដោយឲ្យ​វា​គាស់ផ្ទះ​របស់​គាត់បានឡើយ 44ហេតុនេះហើយចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរព្រោះ​អ្នករាល់គ្នា​ស្មានមិនត្រូវទេ​ថា​កូនមនុស្សមកនៅពេល​ណា។

ព្រះយេស៊ូប្រទានរង្វាន់ដល់អស់អ្នកស្មោះត្រង់

45ដូច្នេះ​តើ​អ្នកណាជាបាវបម្រើដ៏ស្មោះត្រង់ហើយឆ្លាតដែលចៅហ្វាយ​បាន​តែងតាំង​ឲ្យ​មើលខុសត្រូវ​លើបាវបម្រើនៅក្នុងផ្ទះ​ដើម្បី​ចែកអាហារ​ឲ្យ​ពួកគេតាមពេលវេលា? 46មានពរហើយបាវបម្រើណាដែលចៅហ្វាយមកដល់​ហើយ​ឃើញ​កំពុង​ធ្វើយ៉ាងដូច្នោះ 47ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​គាត់​នឹង​តែងតាំងអ្នកនោះ​ឲ្យ​មើលខុសត្រូវ​លើទ្រព្យសម្បត្ដិ​របស់​គាត់ទាំងអស់ 48ប៉ុន្ដែប្រសិនបើបាវបម្រើនោះអាក្រក់វិញ​នោះ​វា​គិតក្នុងចិត្ដថាចៅហ្វាយ​របស់​អញក្រមកណាស់ 49នោះវា​ក៏ចាប់ផ្ដើមវាយបាវបម្រើ​ឯទៀតៗ​ជាគូកន​របស់​វាព្រមទាំងស៊ីផឹកជាមួយ​ពួក​អ្នក​ប្រមឹក 50ហើយចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅថ្ងៃដែល​វា​ស្មានមិនដល់និងនៅម៉ោងដែល​វា​មិនដឹងទាល់តែសោះ 51ចៅហ្វាយនឹង​កាត់វាជាពីរកំណាត់រួចដាក់វាឲ្យនៅរួមជាមួយ​នឹង​ពួក​មនុស្សមានពុត​ហើយ​នៅទីនោះមាន​តែ​ការទ្រហោយំនិងការសង្កៀតធ្មេញ
Copyright information for KhmKCB